Dr. Love ផ្តល់បទសំភាសដល់សារព័តិមានLift
បើសិនជាអ្នកជាយុវវ័យ អ្នកប្រហែលជាបានស្គាល់Dr.Loveរួចហើយ។
តែប្រសិនធ្លាប់ទេ អ្នកគួរតែ។ តើអ្នកស្គាល់ទេ ថាតើគាត់ជាអ្នកណា?
វន មករា ទាមទារនិយាយជាមួយDr.
Love ហើយនាំយើងទៅយល់ដឹងពីបញ្ហាសុខភាពផ្លូវភេទ
តើអ្នកស្គាល់ទេថាតើអ្នកណាគឺជាលោកបណ្ឌិតឡាវ(Dr.Love)? បើសិនជាអ្នកមិនស្គាល់ពាក្យនេះទេ លោកអ្នកអាចចូលទៅកាន់គេហទំព័រមួយនេះ គឺwww.healthandlove.org បន្ទាប់មកចុចនៅចំពាក្យDr.Love នោះអ្នកនឹងទទួលបាននូវដំបូន្មាន ឬក៏ដំណោះស្រាយអំពីសុខភាព និងបញ្ហាស្នេហាជាក់ជាមិនខាន។
Dr. Love គឺជាផ្នែកមួយនៃគេហទំព័សុខភាពនិងស្នេហា(www.healthandlove.org) ដែលជាកម្មសិទ្ធរបស់អង្គការ Friends-International ដែលមានការចូលរួមពីក្រុមអ្នកជំនាញជាច្រើននាក់ ដែលមានជំនាញខាងសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។ ក្រុមនេះ នឹងធ្វើការឆ្លើយសំណួរដល់អ្នកចូលទៅទស្សនាទាំងឡាយនៅលើគេហទំព័រនោះទៀតផង។ គោលគំនិតរបស់ Dr. Love គឺផ្តល់ព័តិមានអប់រំដែលទាក់ទងទៅនឹងការថែទាំសុខភាពផ្លូវភេទ និងសុវត្ថិភាពសុខភាព ចំពោះយុវវ័យ និងកុមារ ដើម្បីជៀសវាងពីជំងឺអេសដ៏ ជំងឺកាមរោគ និងថ្នាំញៀនដែលប៉ះពាល់ដល់សុខភាព។ មនុស្សទាំងអស់អាចសួរសំនួររបស់ខ្លួននៅលើគេហទំព័រ ហើយពួកគេនឹងទទួលបានចម្លើយនៅ៣ ឬ៤ថ្ងៃបន្ទាប់។
លោក សុខ សាគឿន ជាមន្ត្រីផ្នែកទំនាក់ទំនង ទទួលបន្ទុកគំរោងសុខភាព និងស្នេហា ដែលបានបញ្ចប់ថ្នាក់បរិញ្ញប័ត្រ ផ្នែកព័តិមានវិទ្យ ហើយទទួលខុសត្រូវឆ្លើយតបទៅនឹងសំណួរ និងចម្លើយដែលត្រូវបានសួរនៅលើគេហទំព័រ Dr. Love។ ទោះបីជាគាត់មិនដែលមានបទពិសោធអំពីបញ្ហាសុខភាពពីមុនមកក៏ដោយ ក៏ប៉ុន្តែគាត់បានទទួលការបណ្តុះបណ្តាល វគ្គសុខភាពផ្លូវភេទ ថ្នាំញៀន ដោយក្រុមអ្នកជំនាញពីអង្គការFriends-Internationalផងដែរ។
មុនពេលដែលសំណួរត្រូវបានឆ្លើយ លោកសាគឿន តែងផ្ញើសំណួរទាំងនោះទៅក្រុមអ្នកជំនាញ ដូចជាអង្គការMarie Stopes Cambodia គ្លីនិកសមាគមរ៉ាក់ អង្គការ Pharmaciens sans Frontiere ដែលជាដែគូររបស់Dr. Love។
ពាក់ព័ន្ធទៅនឹងឹបញ្ហានេះ លោកសាគឿនបានឲ្យដឹងថា៖ "បើសិនជាខ្ញុំទទួលបានសំណួរថ្មីៗ ខ្ញុំនឹងផ្ញើទៅអ្នកជំនាញការ។ ឧទាហរណ៍៖ បើសំណួរទាក់ទងទៅនឹងស្នេហា ខ្ញុំនឹងផ្ញើទៅអ្នកជំនាញសុខភាពផ្លូវចិត្ត ប៉ុន្តែបើសិនជាវាគឺជាការរំលូតកូន ខ្ញុំនឹងផ្ញើទៅ អ្នកជំនាញខាងសុខភាពផ្លូវភេទ ដូចជាគ្លីនិកMarie stopesជាដើម"។ លោកបន្ថែមទៀតថា៖ បើសិនជាគាត់ទទួលបានសំណួរដដែលៗ គាត់នឹងឆ្លើយតបសំណួរនោះដោយខ្លួនគាត់ផ្ទាល់។ ដោយគាត់មិនចាំបាច់ផ្ញើទៅអ្នកជំនាញទៀតឡើយ ដោយយោងទៅតាមការយល់ដឹង និងចំណេះដឹង រួមទាំងចម្លើយដែលគាត់ធ្លាប់មានស្រាប់។ ជាងនេះទៅទៀត គាត់នឹង បង្កើតអត្ថបទថ្មីៗ ដោយយោងទៅតាមសំណួរណាដែលត្រូវបានសាធារណៈជនសួរដដែល និងច្រើនជាងគេ ដើម្បីដាក់នៅលើគេហទំព័រតែម្តង។
ដើម្បីពង្រឹងចំណេះដឹងដល់បុគ្គលិកអំពីបញ្ហាសុខភាព អង្គការFriends-International តែងតែ ផ្តល់នូវវគ្គបណ្តុះបណ្តាលដល់បុគ្គលិកមុននឹងចូលបំរើការងារ។ លោកសាគឿន បានឲ្យដឹងថា៖ "បើសិនជាខ្ញុំមិនចាំមេរៀនដែលបានរៀន អ្នកបណ្តុះបណ្តាល នឹងផ្តល់វគ្គបណ្តុះបណ្តាលដល់ខ្ញុំម្តងទៀត ដោយចូលសិក្សាជាមួយនឹងបុគ្គលិកថ្មី។
បច្ចុប្បន្ននេះ Dr. Love គឺមានប្រជាប្រិយភាព សម្រាប់យុវវ័យ។ សរុបជាមធ្យម គេហទំព័រ www.healthandlove.org នេះ ទទួលបានអ្នកទស្សនាជាយុវវ័យប្រមាណប្រហែល ៦០ ទៅ៧០ភាគរយ ហើយ២៥ភាគរយជាស្ត្រីដែលមានអាយុចាប់ពី ១៦ឆ្នាំ ទៅ២៤ឆ្នាំ ហើយ អ្នកទាំងនោះប្រើប្រាស់អ៊ីមែល ដើម្បីសួរសំណួរ ដែលសំណួរទំាងនោះ ទាក់ទង ទៅនឹង ការពន្យាកំណើត ការរំលូតកូន ការមានផ្ទៃពោះ ជំងឺអេដស៍ និងជំងឺកាមរោគជាដើម។
Dr. Love ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយសារ ការស្រាវជ្រាវមួយរកឃើញថា យុវវ័យកម្ពុជា មានការខ្មាសអៀននៅពេលនិយាយអំពីបញ្ហាសុខភាព ដូចជា និយាយអំពី ជំងឺអេដស៏ ជំងឺកាមរោគ ឬបញ្ហាផ្សេងៗទៀត ទោះបីជាមួយនឹង មិត្តភ៍ក្ត្រ ឬក្រុមគ្រួសាររបស់ខ្លួនក៏ដោយ។ ជាងនេះ ទៅទៀតយុវវ័យ ប្រើប្រាស់ទូរស័ព្ឌដែផ្ទាល់ខ្លួនដែលអាចមានលទ្ធភាព ក្នុងការចែករំលឹក និងទទួលយកព័តិមានពីមិត្តភ័ក្ត្រ ដែលការចែករំលែក និងការទទួលយកព័តមានទាំងនេះ អាចមាន រូបភាព ឬវីដេអូអាសអាភាសផងដែរ ដែលមិនមែនជាការអប់រំសុខភាពផ្លូវភេទត្រឹមត្រូវនោះឡើយ។
លោក សាគឿន បានឲ្យដឹងទៀតថា៖ "ខ្ញុំគិតថា ការបង្កើតគេហទំព័រពិភាក្សាអំពីសុខភាព គឺមានប្រសិទ្ធភាពជាង មធ្យោបាយផ្តល់ពត៌មានដទៃទៀត ព្រោះខ្ញុំបានពិភាក្សាជាមួយ អ្នកជំនាញមុនពេលសំណួរ និងចំលើយត្រូវបានដាក់បង្ហាញជាសាធារណៈ។ ខ្ញុំគិតថា បើសិនជាខ្ញុំឆ្លើយសំណួរតាមទូរស័ព្ឌ វាតម្រូវឲ្យមានអ្នកជំនាញច្រើននាក់ ព្រោះប្រធានបទ របស់អ្នកដែលបានសួរមក គឺខុសៗគ្នា"។ លោកបានបន្ថែមទៀតថាៈ "ការឆ្លើយសំណួរ តាមរយៈទូរស័ព្ឌ អាចមានការខុសឆ្គង ព្រោះយើងឆ្លើយតបភ្លាមៗ"
ទោះជាយ៉ាងណា នៅពាក់កណ្តាលឆ្នាំនេះ Dr. Love មានគម្រោងនឹងបង្កើតកម្មវិធីតាមវិទ្យុ លើប្រធានបទសុខភាព និងស្នេហានៅលើគេហទំព័រ ដើម្បីពង្រីកចំណេះដឹង យុវវ័យកម្ពុជា អំពីសុខភាព និងស្នេហា។ លោកសាគឿន បាននិយាយថា អ្នករាល់គ្នា គួរស្វែងយល់ អំពី បញ្ហាសុខភាពឲ្យបានច្រើន។
ចុងបញ្ចប់លោកបានផ្តែផ្តាំថា៖ "យុវវ័យគួរតែព្យាយាមស្វែងយល់អំពីបញ្ហាសុខភាពខ្លួនឯង។ ចូរកុំព្រងើយកន្តើយ ព្រោះសុខភាពមិនត្រឹមតែមានសារសំខាន់ចំពោះពួកគេផ្ទាល់នោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ដល់ប្រទេសជាតិទាំងមូលផងដែរ"។ លោកបានបន្តថាៈ "យុវតី គួរតែស្វែងរក និងស្វែងយល់បន្ថែមអំពីសុខភាព ដោយបើចំហរ។ ចូរកុំខ្មាសអៀន!"។
សូមបញ្ចាក់ផងដែរថាៈ www.healthandlove.org គឺជាគេហទំព័រដំបូងគេ ដែលអប់រំ អំពីសុខភាពផ្លូវភេទ ដើលបង្កើតឡើងដោយយុវវ័យកម្ពុជា សម្រាប់យុវវ័យ។ គេហទំព័រ នេះជាប្រភពព័តិមានសំបូរបែប ដែលនិយាយអំពី សុខភាពសំរាប់បុរស សុខភាពសំរាប់នារី ទំនាក់ទំនងមិត្តភាព និងស្នេហា ការពន្យាកំណើត សុខភាពផ្លូវភេទ អេដស៏ និងកាមរោគ។
ប្រភពអត្ថបទ៖
(សារព័តិមានLift ច្បាប់ចេញផ្សាយ លេខ៧១ ថ្ងៃទី១៨
ខែឧសភា ឆ្នាំ២០១១ )