ជួយអ្នកជាទីស្រលាញ់ក្នុងការផ្តាច់បារី
នៅពេលដែលសមាជិកណាម្នាក់មានបំណងចង់ផ្តាច់បារី គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អ សំរាប់ក្រុមគ្រួសារ ឬសហគមន៍របស់អ្នក។ អ្នកផ្តាច់បារីត្រូវការការជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា ពីសំណាក់មិត្តភ័ក្ត្រ និងគ្រួសារក្នុងតំណាក់កាលនៃការផ្តាច់បារីនេះ។ ដូចនេះ សូមអ្នកសូមកុំនូវរារែក ក្រោកឈរឡើង ហើយនិយាយទៅកាន់គាត់វិញថា “អ្នករីករាយនឹងជួយគាត់ ។
-
រក្សាអនាម័យ ៖
ថែរក្សាទីកន្លែងដែលគាត់រស់នៅអោយមានអនាម័យជានិច្ច ដើម្បីកុំអោយមានក្លិនបារី និងព្យាយាមអោយគាត់ស្ថិតឲ្យឆ្ងាយពីកន្លែងដែលមានក្លិន និងផែ្សងបារី។
-
ស្វែងយល់ពីទំលាប់របស់គាត់៖
អ្នកជក់បារីភាគច្រើន តែងមានទំលាប់ផ្ទាល់ខ្លួនរបស់គាត់ ក្នុងការជក់បារី ឧទាហរណ៍ គាត់តែងពិសារបារីក្រោយពីទទួលទានអាហាររួច ពេលដែលកំពុងគិតរឿងស្មុគស្មាញ ពេលអស់កំលាំង ឬក៏ពេលទទួលទានសូរា ជាដើម ។ល។ សូមស្វែងយល់អំពីទំលាប់ និងពេលវេលាដែលគាត់ប្រើសំរាប់ការជក់បារី ដើម្បីខ្លួនអ្នកអាចរៀបចំគំរោង និងពេលវេលារបស់អ្នកបានត្រឹមត្រូវ និងស្ថិតនៅជាមួយគាត់ក្នុងកាលទសៈនោះ។
-
បង្វែទំលាប់ជក់បារីរបស់គាត់៖
ត្រៀមលក្ខណៈដើម្បីបំវែទំលាប់ជក់បារីរបស់គាត់ អោយងាក់ទៅអនុវត្តនូវសកម្មភាពផ្សេងៗជំនួសវិញ ឧទាហរណ៍៖ ដើរលេងកំសាន្ត និយាយរឿងកំប្លែង ទទួលទានផ្លែឈើឬគ្រាប់ធញ្ញជាតិ …។ល។ ដើម្បីជំនួសការជក់បារីវិញ។
-
យោគយល់ចំពោះអារម្មណ៍ឆេវឆាវរបស់គាត់៖
ការផ្តាច់បារីគឺជាបញ្ហាមួយដែលលំបាកសំរាប់អ្នកញៀនបារី ដូចនេះអារម្មណ៍នៃការធន់ថប់ ឆេវឆាវ ក្រេវក្រោធ អាចនឹងកើតមានឡើងនៅក្នុងកំឡុងពេលផ្តាប់បារីនេះ។ សង្ឃឹមថាអ្នកនឹងយោគយល់អត់អោន ចំពោះទង្វើរបស់គាត់ ។
-
លើកទឹកចិត្ត៖
ការផ្តល់រង្វាន់លើកទឹកចិត្តគឺជាប្រការមិនអាចខ្វះបាន ដើម្បីជាកត្តាជំរុញអោយគាត់ ខំប្រឹងប្រែងផ្តាច់បារីរហូតដល់ទទួលបានជោគជ័យ។
-
កុំលេងសើច៖
ការយកបារីមកលលេង ឬការអុចបារីនៅចំពោះមុខអ្នកកំពុងផ្តាច់បារី មិនមែនជាទង្វើត្រឹមត្រូវឡើយ ពីព្រោះវាអាចជំរុញអោយគាត់វិលទៅរកសភាពដើមវិញ។ ដូចនេះសូមអ្នកជៀសវាងអោយបាននូវទង្វើទាំងនេះ។
-
ផ្តល់គំនិតវិជ្ជមាន៖
ប្រសិនបើអ្នកជាអតីតអ្នកជក់បារីដែរនោះ សូមផ្តល់ជាគំនិតយោបល់ល្អដែលធ្លាប់ជួយឲ្យអ្នក ផ្តាច់បារីបានប្រាប់ទៅគាត់ និងនិយាយពីភាពវិជ្ជមាន ដែលអ្នកទទួលបានបន្ទាប់ពីអ្នកបានផ្តាច់វាហើយនោះ។
-
សាកល្បងម្តងទៀត៖
ប្រសិនជាការព្យាយាមរបស់គាត់ក្នុងការផ្តាច់បារីទទួលបរាជ័យ សូមកុំស្តីបន្ទោសឲ្យគាត់ ត្រូវលើកទឹកចិត្តដើម្បីអោយគាត់ហ៊ានសាកល្បងម្តងទៀត។
សង្ឈឹមថាអ្នកអាចជួយគាត់ឆ្លងផុតក្នុងដំណាក់នេះ ដើម្បីក្រុមគ្រួសារ និងសហគមន៍ គ្មានផ្សែងបារី។
រាល់ព័តមានទាំងអស់ដែលមាននៅលើគេហទំព័រនេះប្រើប្រាស់សំរាប់ការអប់រំតែប៉ុណ្ណោះ។ រាល់ការផ្តល់ប្រឹក្សា និងរោគវិនិច្ឆ័យ ផ្សេងៗទៀត សូមជួបពិគ្រោះប្រឹក្សាជាមួយវេជ្ជបណ្ឌិត រឺគ្រូពេទ្យជំនាញរបស់អ្នក។ រក្សាសិទ្ធិគ្រប់យ៉ាងដោយអង្គការ
ហ្វ្រេន្សអ៊ឺនធឺណាសិនណល
Copyright © 2006- 2018 Friends-International, Inc. All rights reserved.